ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា សិទ្ធិនយោបាយរបស់អតីតបក្សប្រឆាំងអត់មានទេ។
ការលើកឡើងនេះ ខណៈដែលថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងទឹកដីសហរដ្ឋអាមេរិក។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២១ មករា ២០១៩នេះថា គណៈអចិន្ត្រៃយ៍នៃអតីតបក្សប្រឆាំង បានប្រជុំគ្នាត្រៀមអ្វីផ្សេងៗនោះអត់ប្រយោជន៍ទេ ពីព្រោះអតីតបក្សប្រឆាំងបានងាប់បាត់ទៅហើយ។ រាល់សកម្មភាពរបស់មន្ត្រីអតីតបក្សប្រឆាំង ជាទង្វើខុសច្បាប់ ដោយសារប្រឆាំងនឹងសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល។
លោកបន្តថា អ្នកប្រឆាំង នឹងត្រូវមានទោស។ បើនៅតែរឹងទទឹង សាកលមើលទៅ។ ម៉្យាងទៀត ចំពោះការវិលត្រឡប់ចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី មិនបាច់ត្រៀមស្អីទេ ទ្វារបាន បើកចំហរួចហើយ មានខ្នោះដៃ និងគុករង់ចាំទទួលរួចជាស្រេច មិនពិបាកទេ បើពិបាក ពិបាក រក សម រង្ស៊ី ដាក់ខ្នោះមិនបាន ដោយសារទណ្ឌិត សម រង្សី ជាមនុស្សកំសាកមិនហ៊ានមកឡើយ កុំបាច់រង់ចាំធ្វើអីនាំខាតពេលទេ។
នៅថ្ងៃទី២១ មករា ២០១៩នេះ ថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនរបស់អតីតគណបក្សសង្គ្រោះជាតិ បាននឹងកំពុងតែបើកកិច្ចប្រជុំពិភាក្សាពីស្ថានការណ៍នយោបាយនៅកម្ពុជា នៅសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី បានសរសេរលើកបណ្តាញសង្គមយ៉ាងដូច្នេះថា «កិច្ចប្រជុំទី១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ក្រោយពីរបប ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត និងដោយខុសច្បាប់ កាលពីថ្ងៃ១៦ វិច្ឆិកា ២០១៧។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងថ្ងៃនេះ នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានសមាជិក ១៥ រូប លើ២៤រូប នៃគណៈកម្មាធិការអចិន្ត្រៃយ៍ បានចូលរួមដោយផ្ទាល់ ឬដោយប្រយោល ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ»។
លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងតាមវិឌីអូឃ្លីបថា កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិនៅប្រទេសនេះ បានលើកឡើយប្រធានបទចំនួនបីរួមមាន ៖ ទី១. ពិនិត្យស្ថានការណ៍នយោបាយនៅកម្ពុជា ទី២. រៀបចំ សកម្មភាពសម្រាប់គណបក្សសម្រាប់រយៈពេលបីខែខាងមុខ និងទី៣. កិច្ចពិភាក្សាផ្សេងៗ។
លោកបន្តថា កិច្ចប្រជុំក៏មានការចួលរួមពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅប្រទេសកាណាដាថ្នាក់ដឹកនាំនៅសហរដ្ឋអាមេរិក ព្រមទាំងបើកឲ្យមានការចូលរួមផ្តល់មតិពីអ្នកគាំទ្រ តាមរយៈវីដេអូស្កាយផងដែរ ។
លោកបន្តថា ការកិច្ចប្រជុំក៏បានបដិសេធចំពោះសំដីសម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីដែលយកគណបក្សសង្គ្រោះជាតិធ្វើជាចំណាប់ខ្មាំងនយោបាយជាមួយសហគមន៍អ៊ឺរ៉ុប។ ហើយគណបក្សសង្គ្រោះជាតិ បានគាំទ្រចំពោះចំណាត់ការរបស់សហគមន៍អ៊ឺរ៉ុប ក្នុងការជំរុញ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យដំណើរឡើងវិញ។
លោកបញ្ជាក់ថា «អចិន្ត្រៃយ៍យើងបានបដិសេធនូវអ្វីដែល ហ៊ុន សែន យកបក្សសង្គ្រោះជាតិធ្វើជាចំណាប់ខ្មាំងនយោបាយ ជាមួយសហគមន៍អ៊ឺរ៉ុប។ បក្សសង្គ្រោះជាតិគាំទ្រចំពោះចំណាត់ការរបស់សហគមន៍អ៊ឺរ៉ុប ក្នុងការជំរុញ និងស្ដារលទ្ធិប្រជាធិបតេយ្យដំណើរឡើងវិញ ហើយពិសេសនោះ គឺចំណុចទាំង៥ ដែលសហគមន៍អឺរ៉ុបទាមទារ»៕
No comments:
Post a Comment